Meeting Poem ប្រជុំកំណាព្យ

              កិច្ឆោ មនុស្សោ បដិលាភោ

បានលាភថ្លៃថ្នូជាងកែវចរណៃ           គឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃ

ឆ្លងកាត់ភពត្រៃប្រពៃសុខសាន្ត         បានកើតជាមនុស្សមានលាភធំធេង ។

បើសាងជីវិតពិតមានដើមទុន           ស្តាប់ធម៌ទេសនាសាស្រ្តាទួលមាន

បើមានជីវិតពិតមានទុក្ខហើយ          ភ័យព្រួយសប្បាយជារឿងផ្លូវចិត្ត ។

ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា        សៀវភៅសិក្សាធ្វើជាមិត្តល្អ

បើជួបបណ្ឌិតពិតបានប្រឹក្សា            កុំចោលអ្នកប្រាជ្ញកុំដើរហួសផ្លូវ ។

បើមានចំណេះចេះមានការងារ        បើពិតចិត្តល្អត្រូវជួបសង្គម

ជីវិតមានទុក្ខសម្រុកទានសីល          ជំរះមន្ទិលចម្រើនមេត្តា ។

​                                              ចប់

ជីវិតអ្នកបួសស្វែងរកធម៌លម្អជីវិត       ​​​ ជីវិតរស់នៅមានសីលធម៌លម្អសព្វថ្ងៃ

បាត់បងព្រះសង្ឃសាសនាសាបសូន   បើពិតចិត្តធម៌ត្រូវជួយសាសនា​។

បើមានជីវិតប្រព្រឹត្តធម៌អាថ៌                បើសាងជីវិតពិតមានចំណេះ

ត្រូវធ្វើឱ្យ​ល្អលម្អសង្គម                      គ្រួសារបានសុខដោយសាមានធម៌ ។

  ​​​​​​​​​​​​​​​​​​​​​​​​                        ​  ចិញ្ចឹមសត្វលោក

ចិញ្ចឹមសត្វឆ្មាគង់មានកន្ទុល                ចិញ្ចឹមសត្វឆ្កែគង់មានចោរលួច

ចិញ្ចឹមសត្វកិលេសកុំប្រហែសដៃ         ចិញ្ចឹមសត្វចៃកុំទុក្ខសក់វែង ។

ចិញ្ចឹមសត្វប្របីជួយដល់អ្នកស្រែ         ចិញ្ចឹមសត្វមាន់គង់មានប្រយោជន៍

ចិញ្ចឹមសត្វខ្លាកាពារឲជាប់                  ចិញ្ចឹមសត្វព្រាប ព្រៀបដូចលាមក ។

ចិញ្ចឹមសត្វទាចំនាញខាពង                 ចិញ្ចឹមសត្វឃ្មុំគង់មានទឹកល្អ

ចិញ្ចឹមសត្វក្តាមពិតបានបុកល្ហុង          ចិញ្ចឹមសត្វត្រីគង់មានប្រហុក ។

ចិញ្ចឹមក្រពីចំណាយទុន                     ចិញ្ចឹមទន្សាយលម្អដល់ភ្នែក

ចិញ្ចឹមសត្វពស់រស់មិនបានយូរ           ចិញ្ចឹមសត្វសេះចេះមានប្រយោជន៍ ។

ចិញ្ចឹមដំរីលម្អដល់ជាតិ                      ចិញ្ចឹមសត្វឈ្លុលកុំទុសទាញគ្នា ។

                រឿងជីវិតពិត

រឿងខានបានបុណ្យជារឿងធំ           កុំតែស្រីមុំរត់ចោលផ្ទះ

រឿងគេជេរខ្ញុំមិនទោសអី     ​​​​​​​​​​​​ ​           កុំឲស្រីមុំជេរគេបានហើយ ។

រឿងទៅស្ថានសួគ៌ជារឿងបានសុខ   កុំកូនស្រីឪមិនត្រូវសំកុក

រឿងរបស់គេកុំផ្លេរដាក់ខ្លួន               កុំនាំមានទុកដល់គ្រួសារ ។

រឿងស្រឡាញ់ជារឿងស្នេហា           កុំប្រហែសខ្លួនក្បូនបានទុក្ខ

រឿងជីវិតពិតមានទុកហើយ              កុំធ្វើកន្ទើយរកត្រើយនិងគេ ។

រឿងដេកបានសុខសម្រុកទានសីល   កុំចង់បានសុខព្រោះខ្ជិលឱ្យសោះ

រឿងរៀនបានច្រើនចំរើនវិជ្ជា            កុំប្រើវិជ្ជាខុសក្បូនឈានធ្លាក់រុនដៅ ។

រឿងធ្វើស្រែជារឿងបញ្ហាទឹក            កុំចោលដីល្អកុំបរលើភ្លឺនាំមានទុក្ខ

រឿងអ្នកបួសជារឿងនិស្ស័យ            កុំប្រើជីវិតឥតមានខ្លីមសារ ។

រឿងឈឺឥតរើសរូបសខៅ                កុំធ្វើបាបសត្វលោកខ្លាចមានកម្មពៀរ

រឿងអ្នកទោសជារឿងអ្នកលួច          កុំធ្វើជាចោរឆក់លូចនិងគេ​ ។

រឿងដែលបានសុខជារឿងមានធម៌    កុំសាងទុច្ចរិតត្បិតចងឆ្អែត

រឿងសត្វលោកស្វែងរកសុខ            កុំធ្វើសំកុកសម្រុកទានសីលទើបប្រសើរ​ ។

                  បមាទេន  ន  សំវសេ 

កូនត្រូវរិះរេគិតទុកជាមុន                  រៀបចំជីវិតឱ្យផុតទារុណ

បុណ្យជាដើមទុនរួចចាកធម៌ថោក     កូនឪមិនត្រូវរស់ដោយប្រមាទ ។

ត្រូវខំសង្វាតកុំឱ្យចាញ់បោក             តណ្ហាក្នុងចិត្តបង្កើតទុក្ខសោក

កូនព្យាយាមក្រោកសម្លឹងធម៌ពិត       បើកូនមិនក្រោកពិតជាលំបាក ។

បញ្ហាឥតសា្រកឆាកល្ខោនជីវិត          កំព្រាទីពឹងក្នុងភពងងឹត

មោហៈរួបរឹតពិតជាវង្វេង                   ចូរកូនសម្លាញ់ស្តាប់តាមឪពុក ។

កូនកុំជាប់គុកនៅក្នុងបទភ្លេង            ត្រូវចេះស្តាប់ធម៌កុំចេះតែលែង

ស្រីស្រាកែវពេងជាល្បែងគ្រោះថ្នាក់   ធម៌សែនកំបាំកនៅក្នុងជីវិត ។

រូបពិតនាមពិតល្អិតជាសច្ចៈ                សត្វលោកល្ងង់ពិតងងឹតដូចខ្វាក់

ឃើញត្រឹមតែប្រាក់ស្ម័គ្រចិត្តធ្វើចោរ    គិតស្មានបានសុខក្នុងអវិជ្ជា ។

យកល្ងង់ធ្វើគ្មាមានះដូចតោ               ហ៊ានល្មើសនឹងច្បាប់រ៉ាបខ្លួនធ្វើចោរ

សុខចិត្តជឿហោរមិនជៀខ្លួនឯង         កូនមាសឪពុកកូនស្តាប់ឱ្យច្បាស់ ។

ព្រះពុទ្ធបានត្រាស់ហើយទ្រង់សម្តែង   ប្រកាសធម៌ពិតដោយឥតមានក្លែង

ត្រាស់ប្រាប់កន្លែងដែលរួចចាកទុក្ខ ។

បញ្ញាឆ្លាតឈ្លាស  ក្នុងធម៌ទាំងឡាយ  សតិក្នុងកាយយកជាប្រមុខកម្ចាត់ភាពល្ងង់

ទម្លាយទ្វារគុករួចផុតពីទុក្ខបានសុខឧត្តម​  ។

សរុបសេចក្តីដែលឪបានប្រាប់          អត្ថន័យសារស័ព្ទចាប់យកឱ្យចំ

គឺចង់ឱ្យគូនមានចិត្តតាំងមាំ             ប្រឹងប្រែងខិតខំទទួលឱវាទ  ។ ចប់

                    កូនត្រូវចេះគិត

អ្វីៗ ក្នុងលោកកើតព្រោះហេតុ         ឃើញច្បាស់ក្រឡែតគុណម៉ែឪ

កូនរស់ធំឡើងត្រូវរកផ្លូវ                  សងគុណម៉ែឪទើបត្រូវច្បាប់ ។

បើមិនបានសងអ្វីធំដុំ                     កុំតែស្រីម៉ុមប្រែក្រឡាប់

រត់ចេញពីផ្ទះមិនបានប្រាប់              ប្រញាប់តាមប្រុសព្រោះស្នេហា ។

ចំណែកកូនប្រុសក៏ដូចគ្នា                កុំធ្វើឫកពាមនុស្សបាតផ្សារ

ប្រគល់ខ្លួនប្រាណឱ្យស្រីសា្រ           រោគផ្តាច់សង្វារចោលម៉ែឪ ។

ម៉ែឪចិញ្ចឹមដប់ម្ភៃឆ្នាំ                       កូនបានធ្វើកម្មកេរ្តិ៍អាស្រូវ

ចុះចេញពីផ្ទះបាត់ភ្លាមទៅ               តើឱ្យម៉ែឪនៅសល់អ្វី  ។

              ព្រហ្មវិហារ៤ យ៉ាង

មេត្តា ប្រែថាការរាប់អាន            ដូចមិត្តកល្យាណបានសង្គ្រោះ

ជួយផ្តល់ប្រយោជន៍ឱ្យបានរស់    សង្គ្រោះឱ្យសុខគ្រប់ៗគ្នា​ ។

ករុណា  ប្រែថាការអាណិត         មានចិត្តចង់ជួយជនកំព្រា

ឱ្យមានទីពឹងបានសុខជា            មនុស្សសត្វគ្រប់គ្នាផុតទុក្ខា ។

មុទិតា ប្រែថាការទនតាម          ចិត្តឥតដិតដាមដោយឥស្សា

ត្រេកអរទន់ភ្លន់ស្រស់ភក្រ្តា        ចិន្តាបរិសុទ្ធផុតព្យាបាទ ។

ឧបេក្ខា ប្រែថាការសម្លឹង            មិនធូរមិនតឹងប្រឹងសង្វាត

ឱ្យត្រង់តាមច្បាប់តាមក្បួនខ្នាត  ចិត្តស្អាតត្រឹងត្រូវតាម ។

           សុខោ  ពុទ្ធានមុប្បាទោ

ព្រះពុទ្ធង្កូរពោរពេញក្លាហាន            កសាងបារមីសិរីថ្កើងថ្កាន

រហូតដល់បានត្រាស់ជាព្រះពុទ្ធ        ព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោក ។

មានជ័យមានជោគប្រាជ្ញាមោះមុត    ព្រះអង្គឈ្នះមារនៅពេលប្រយុទ្ធ

ដោយសស្ត្រាវុធមុតគ្មានអ្វីដូច         ទ្រង់ត្រាស់ដឹងហើយនាំមកនូវសុខ ។

បំបែកសម្បុកទិដ្ឋិកំហូច                  ដោយធម៌ទេសនាភ្លឺថ្លារុងរោចន៍

សុខគ្មានអ្វីដូចគឺព្រះនិពា្វន ។

             សុខា សទ្ធា បតិដ្ឋិតា

កូនស្តាប់ទេសនាសាស្តាទូន្មាន        បាននូវសទ្ធាក្នុងព្រះទ្រង់ញាណ

កូនបានជិះយានមានព្រះនាំផ្លូវ         សទ្ធាតាំងមាំក្នុងចិត្តសន្តាន ។

កូនពិតជាបានផុតរឿងអាស្រូវ          ជិះយានមានសុខសម្រុកឆ្ពោះផ្លូវ

មគ្គល្អពេកកូវទៅទីផុតស្លាប់            សទ្ធាជាទ្រព្យថ្លៃថ្លាបវរ​​ ។

ជាទ្រព្យត្រាច់ចរជាប់ក្នុងចិត្តស្រាប់    មានគូបញ្ញាចាត់ការចំណាប់

ដល់ទីផុតស្លាប់អស់ការស្រេកឃ្លាន   ។

បាបានំ    អករណំ   សុខំ

វស្សាឬប្រាំងព្រះពុទ្ធទ្រង់យាង   ត្រាច់ត្រាស់ប្រាប់ថាបាបត្រូវជៀសវាង    នោះទើបមិនឃ្វាងពីសេចក្តី   សុខ ។

សុខោ បុញ្ញស្ស  ឧច្ចយោ

កូនកុំធ្វើចោរហើយកុំសំកុក     ត្រូវសន្សំបុណ្យទើបកូនបានសុខ       កុំចង់ស្រណុកព្រោះខ្ជិលឱ្យសោះ ។

 អព្យាបជ្ឈំ   សុខំ  លោកេ​

ក្នុងលោកទំនេរពីការឈ្លោះទាស់  កូនរស់បានសុខគ្រប់គ្នាទាំងអស់   ព្រោះគ្មានទំនាស់អស់ការព្យាបាទ ។

សុខំ  យាវ  ជរា  សីលំ

សីលមានកម្លាំងច្បាំងតាមក្បូនខ្នាត ដណ្តើមបានសុខកូនរស់បានស្អាត  សុខឥតភ្លាត់ប្លាតដរាបដល់ចាស់ ។

 សុខា  មត្តេយ្យតា  លោកេ

កូនគិតគ្នាន់គ្នេរកុំឱ្យមានខ្វះ ប្រណិប័តន៍មាតាដោយដឹងគុណច្បាស់ បានបុណ្យច្រើនណាស់សុខសាន្តក្នុង   លោក ។

 អថោ  បេត្តេយ្យតា សុខា

ម្យ៉ាងទៀតកូនណាប្រាថ្នាមានជោគ   ប្រណិប័តន៍បិតាថ្លៃថ្លាប្រយោគ     មានភ័ព្វបានភោគជារោគជួបសុខ ។

សុខា  សទ្ធម្មទេសនា

វាចាថ្លៃថ្លាកាប់ឆ្ការស្មាញស្មុគ    ការសម្តែងធម៌នាំមកនូវសុខ     បំផ្លាញសម្បុកខ្មាំងអវិជ្ជា។

សុខា  សង្ឃស្ស  សាមគ្គី

ក្រុមពួកសង្ឃជីមូលមីររួមគ្នា     មិនមានបែកបាក់ចាក់រុកខ្ទរខ្ទារ     នេះហើយគឺជាជំរំសុខសាន្ត ។

ចិត្តំ  គុត្តំ  សុខាវហំ

ព្យាយាមដេញខ្មាំងពីចិត្តសន្តាន  គ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាណ  នាំសុខមកបានក្សេមក្សាន្តពេកក្រៃ ។

សុខោ  បញ្ញាបដិលាភោ

បានលាភថ្លៃថ្នូរជាងកែវចរណៃ        គឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃ     ឆ្លងកាត់ភពត្រៃប្រពៃសុខសាន្ត ។   

            ហីនំ  ធម្មំ  ន  សេវេយ្យ

ទំនាស់កាប់ចាក់រំលោភឈ្លានពាន       ល្មើសគុណម៉ែឪទ្រុស្តព្រះទ្រង់ញាណ

ទ្រុស្តនៅត្រង់ហ៊ានបំពានសិក្ខា           ធម៌ថោកទាំងនេះគឺសែន   ហីនំ

ស៊ីបាយបោកឆ្នាំងខ្មាំងនឹងសាសនា     កូនឪមិនត្រូវសេពគប់ឡើយណា ។

បាលីពោលថា ​​​​  ន សេយ្យ               ​​ធម៌ថោកមានច្រើនកើតខ្លាំងណាស់

ទាំងក្មេងទាំងចាស់ប្រព្រឹត្តឥតអាក់      សេពគប់ធម៌ខ្មៅចាញ់អំណាចប្រាក់

ជាប់ខ្នោះច្រវាក់អន្ទាក់កាមគុណ  ។

​​​​​                     ខ្ញុំមិនស្តាប់

ព្រះធម៌មិនស្តាប់ច្បាប់មិនអាន         ចេះចាំនិងមានមកពីណា

ខ្លួនឯងមិនស្វែងជោគវាសនា          សង្ឃឹមទេតាគេអាណិត ។

មានៈជើងឯកប៉ែកខាងរឹង               ល្ងង់ម្លឹងគង់មិនព្រមញ៉មអ្នកណា

មានៈ​នេះមានដរាបណា                  ប្រយោជន៍ខឹ្លមសារត្រូវអន្តរាយ ។

ខានឃើញមុខម៉ែមានទៅទាស់អី    កុំតែបាត់មុខប្តីឬឪអាង៉ា

ខានឃើញមុខឪគ្មានបញ្ហា               កុំតែបាត់ភក្ត្រាម៉ែអាទូច ។

គំនិតបែបនឹងច្បាប់លោកថា          ចូលក្បូនបរាគេចមិនរួម

តែមិនរហ័សច្បាស់ជាធ្ងួច​              ត្រូវចេះកំហូចវាផ្តន្ទា ។  

              ជីវិតមានតិច

ទឹកមួយប្រលង់កុំក្បង់នឹងដៃ            នាំឱ្យចង្រៃល្អក់វរវឹក

គួរលុតជង្គង់ចង្កោនក្រេបផឹក​           ម្តេចបានមួយក្អឹកបំបាត់ខះក ។

ជីវិតមានតិចកុំបិចធ្វើបាប                ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ

សន្សំរឿងស្អាតសង្វាតធម៌ស           ឱ្យដូចជាស្កររក្សារសផ្អែម ។

ទឹកស្អុយទឹកជ្រាំផ្សំបានជាជី            គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុ

ត្រីស្អុយត្រីហើមផ្សំធ្វើប្រហុក           ធម៌នៅនឹងមុខសំកុកដល់ណា ។

លុយអើយៗ លុយ   មិនក្រអូបមិនស្អុយ   ជាទីរាប់អាន់    ទំរាំលុយដាច់

ធ្វើម្ចាស់ប៉ុន្នាន         រ៉ាប់ចេះតែបាន         ឥតមានប្រកែក ។

ទោះខ្វិនទោះខ្វាក់    អ្នកមានផុតថ្នាក់       ឬធុនដងវែង     ឱ្យតែស្មោះស្ម័គ្រ

ប្រាក់មិនដែលស្រែក  ទល់ខ្លួនរហែក        បាត់បង់រូបកាយ ។

ចំនែកនាងមាស      រាប់អានដោយផ្ទះ     ឬយល់ភក្ត្រា    ទាល់តែអ្នកមាន

ទើបមាសបា្រថ្នា      អ្នកក្រឡេឡា          មាសថាទែៗ  ។

រីឯនាងពេជ្រ           រស្មីព្រេចៗ             អន្រ្ទីសលើសគេ  អ្នកមានព្រួលៗ

ពេជ្រថាទែៗ           ពេជ្រថាទាល់តែ      ម៉ាក្សសឺដេសវ៉ុលវ៉ូ ។

ល្ហុងទុំក្រូចឆ្មាជាចំណីទាស់របស់អ្នកចាញ់រប  កំសត់ក្រីក្រជាចំណីទាស់ជំពាក់គេ

ស្រ្តីរូបស្អាតជាចំណីទាស់របស់ប្រុសស្នេហ៍     ល្ងង់មិនកែប្រែជាចំណីទាស់របស់មនុស្សចចេស ។    

ឫស្សីអើយឬស្សី      ដុះនៅលើដី     ចេញដៃសាងញ៉ាង   មួយឆ្នាំពីរឆ្នាំ

ទំពាំងច្រូងច្រាង       ដូចម៉ែមីនាង    តើរាងទេខ្ញុំ ។

ចំណែកនាងចេក     គេទូលគេរែក   គេកាប់បន្ទុំ       ផ្អែមគ្រាន់បើដែរ

រាងផ្លែក៏សម           តែទាស់មាសមុំ  ជោររឡះក​។

ទីណាមានផ្សែងកន្លែងនោះមានភ្លើង ទីណាមានយើងទីនោះមានស្លាប់

ទីណាមានស្រឡាញ់ទីនោះមានស្អប់        ទីណាមានគាប់ទីនោះមានទាស់ ។

ពោតអើយនាងពោត       ឬកនាងរាងស្ងួត       ម៉ូតនាងនិមល សន្លឹករេរាំ

ប្រគុំតាមខ្យល់                ទាស់តែមានកល     ដាក់ស្នូលថែមស្នៀម ។

ចង់បានសរសើរកុំនិន្ទាគេ               មិនចង់បានជេរកុំជេរគេមុន

ចង់បានក្តីសុខសំរុកសាងបុណ្យ       បាបជាដើមទុននៃទោសគ្រោះថ្នាក់ ។

នែនាងក្រូចឆ្មា         នៅក្នុងបន្លា     កុំថារួចខ្លួន​       ជូរឆ្នាស់ពីម៉ែ   

ហូរហែដល់កូន        ទោះខំកែខ្លួន    បានត្រឹមងុំាង៉ូវ​  ។

ចំនែកនាងស្វាយ     ខ្ចីជូរពីម្តាយ     រហូតដល់ឪ     តែគេចេះកែ    

ប្រែតាមរដូវ            ដល់ចាស់ទុំទៅ       ផ្អែមគួរគាប់ហោង  ។

ប៉ែកនាងននោង       គ្រាខ្ចីដំបូង       តែងមានអ្នកផង       រក្សាថ្នមថ្នាក់

មិនឱ្យមានឆ្គង         ដល់ចាស់ស្វិតទង    បានត្រឹមដុះឆ្នាំង ។

នែវើយអាគក          កុំធ្វើត្រកៗ       អាងទឹកត្រឡោក     បង្គងរាងខ្ពស់

រស់អាងស្រូវដោក    ទំពាំងចុះថោក​  ប្រយ័ត្នចូលឆ្នាង ។

នែនាងចង្រិត          សូមអង្វរចិត្ត    ខំប្រឹងទប់ប្រាំង        សំលេងតិចៗ

កុំធ្វើមាត់ខ្លាំង          រដូវឡើងប្រាំង  ប្រយ័ត្នខ្លាញ់ជ្រូក​ ។

នែវើយកង្កែប          មាត់រាងច្រវែប បែបរាងសង្ហា          ភ្លៀងធ្លាក់ដំបូង       

ចង្កោងឡូឡា          ប្រយ័ត្នកង្វារ    ក្វារចេញពីរន្ធ ។

នែនាងអំពិល          បើនាងឯងខ្ជិល  មិនសូវទុក្ខធ្ងន់        តែល្អែងចេញត្រួយ

តិចព្រួយអាសន្ន      ទទួលទោសទណ្ឌ    ជាមួយកង្កែប ។

ស្រ្តីអត់ធម៌              ដូចសម្លអត់ប្រៃ        បុរសអត់វិន័យ ដូចក្របីដាច់កន្លុស ។

                  ជីវិតសាងទុច្ចរិត

ជីវិតកុំសាងទុច្ចរិត                         កុំចង់ឆ្អែតហូសកំព្រួសដាក់គេ

សម្លីងមើលញាតិកំចង់បានសុខ       ខ្លួនឯងសាងទុច្ចរិតរាលថ្ងៃ ។

ជីវិតអាប់ព្រៃបង់ករសង្គម                ខ្លួនរុមពានច្បាប់ឥតមានកោក្រែ

លូក​ ល ប្រឡែងនឹងភ្លើងអវីចី          ស្លាប់ទៅជាខ្មោចមិនអាចដឹងទេ ។

តែខ្លាចជាងគេគឺមនុស្សរស់             មនុស្សរស់ដោយសុចរិតខ្ញុំមិនថា

កើតមកជាមនុស្សត្រូវមាននឹងគេ      កុំនៅបមបំពេជេរកូននៅផ្ទះ ។

            ( សរសេរ ​ ដោយ ភិក្ខុ វជិរធម្មោ សេងហាក់ )

​ក

កតញ្ញុតាការដឹងគុណ                    ជាទុនជីវិតពិតដ៏ឆ្នើម

ជួយញុំាបារមីធំសម្បើម                  និងជាដង្ហើមនៃកុសល ។

កតញ្ញុតាការដឹងគុណ                    នាំចាកទារុណបាបកង្វល់

គឺជាបញ្ញាគ្រឿងតម្កល់                   នាំខ្លួនចូលដល់កុសលកម្ម​ ។

គុណធម៌ល្អណាស់ក្នុងខ្លួនមនុស្ស     កូនកុំប្រទូស្តត្រូវចងចាំ

ជាធម៌តាគុណគ្មានប្រេះស្រាំ           ទោះយូរខែឆ្នាំនៅតែល្អ ។

បើកូនចង់បានជាមនុស្សពិត            ត្រូវមានគំនិតថ្លៃបវរ

កូនកុំយកខ្មៅធ្វើជា ស                   កុំយកគុណល្អមកជាន់ឈ្លើ ។

កូនកុំប្រមាទក្នុងជីវិត                      ផ្លូវនេះនៅជិតក្បែរមាត់ជ្រោះ

ចិញ្ចឹមជីវិតឱ្យបានរស់                    កូនត្រូវស្គាល់គ្រោះឱ្យជាក់លាក់ ។

បាបមិត្តស្រីស្រានិងល្បែងភ្នាល់       ព្រមទាំងមិនខ្វល់នឹងធុរៈ

ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់​         ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក។

ដំណើរជីវិតពិតលំបាក                   តែបានធូរស្រាកព្រោះធ្វើល្អ

ផ្លូវអបាយមុខមិនត្រាច់ចរ                ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ ។

ដើម្បីបានសុខក្នុងជីវិត                   ត្រូវតែមានមិត្តឱ្យបានល្អ​

និងមានគំនិតថ្លៃបវរ                       សន្សំធម៌សសាងជម្រក ។

ជីវិតមានទុក្ខជាធម្មតា                    ប្រៀបដូចជលសាមានរលក

ប៉ុន្តែបញ្ញាស្រាវជ្រាវរក                   ចាប់យកសុខស្ងប់ត្រឡប់វិញ ។

ដឹងថាទុក្ខពិតតែចិត្តស្ងប់                 នេះហើយជាទ្រព្យត្រូវបំពេញ

ទុក្ខកាយតែចិត្តមិនម្នោម្នេញ            ជីវិតពោរពេញដោយស្មារតី ។

វិញ្ញាណមានធម៌ជាអាហារ              ទើបបានសុខាទាំងប្រុសស្រី

សុចរិតធម៌សជាចំណី                    សិរីសួស្តីមានរាល់ឆ្នាំ ។

មនុស្សគ្រប់រូបដែលកើតមកក្នុងលោក រមែងមានការទាក់ទងគ្នាដោយពាក្យនិយាយពាក្យនិយាយមានអំណាចដ៏ក្រៃលែង កូនត្រូវយល់ដូចតទៅ

១ ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់  ឱ្យក្លាយមកជាហេតុល្អបាន ។

២ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឱ្យភ្លេចទុក្ខបាន ។

៣ ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឱ្យមកជាអ្នកមានព្យាយាមបាន ។

៤ ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ ឱ្យមកជាមនុស្សឆ្លាតបាន ។

៥ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុង មានកង្វល់ ឱ្យជាមនុស្សស្ងប់បាន ។

៦ ពាក្យនិយាយអាចដូរផ្លាស់មនុស្សចចេសរឹងរូសឱ្យត្រឡប់មកជាមនុស្សប្រដៅងាយបាន ។

៧ ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិ ឱ្យមានសតិវិញបាន ។

៨ ពាក្យនិយាយអាចដូរផ្លាស់មនុស្សឈ្លោះគ្នា ទៅជាល្អនឹងគ្នាបាន ។

       ចំពោះពាក្យនិយាយនេះ រមែងមានអំណាចដូចគ្នាដែរ គឺអាចនិយាយឱ្យមនុស្សខូចប្រយោជន៍ និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃ បានគ្រប់ យ៉ាងដូចេះ កូនត្រូវបដិបត្តិក្នុងការនិយាយឱ្យបានហ្មត់ចត់ កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ ៥ យ៉ាង

 ១ និយាយពាក្យពិត មិននិយាយឡេះឡោះ

២ និយាយពាក្យពីរោះ មិននិយាយញុះញង់

៣ និយាយត្រឹមត្រូវតាមកាលៈទេសៈ

៤ និយាយឱ្យបានប្រយោជន៍ដល់អ្នកស្តាប់

 ៥ និយាយដោយចិត្តមេត្តា ប្រាថ្នាឱ្យអ្នកដទៃបាននូវសេចក្តីសុខ ឬនិយាយដោយចិត្តសប្បុរស

ស្មោះត្រង់មិននិយាយរបៀប ព្រូសពិសដាក់អ្នកដទៃឡើង ។

ឪពុកប្រាថ្នាឱ្យកូនបានចូលដល់សេចក្តីល្អ ១០ ប្រការ

១ កូនត្រូវជាអ្នកមានសីលធម៌ប្រចាំខ្លួន

២ កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន

៣ កូនត្រូវគប់រកតែជាមួយពិតប្រាកដ

៤ កូនត្រូវជាមនុស្សប្រដៅងាយ

៥ កូនត្រូវចេះជួយកិច្ចការអ្នកដទៃ

៦ កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស

៧ កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់

៨ កូនត្រូវសន្តោសចំពោះបច្ច័យ ៤

៩ កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួន

១០ កូនត្រូវដឹងសេចក្តីពិតរបស់ជីវិត គឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតា

ទើបមិនគួរប្រមាទក្នុងេជីវិត និងត្រូវរកផ្លូវឱ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អ ។

សម្បត្តិក្នុងលោកមិនអាចគ្រប់          មិនអាចបញ្ឈប់នូវតណ្ហា

       មានតែខ្លួនឯងឈប់ត្រូវការ             ដោយសារបញ្ញាទើបបានគ្រប់ ។

       សម្បត្តិក្នុងលោកមិនអាចល្អ            ស្មើនឹងធម៌សនាំចាកភព

       ធម៌ពិតតកូនឪត្រូវសេពគប់              ព្រមទាំងគោរពខ្លួនឯងផង​

​​​​​​​​​​​​​​​​​          ទង់ជ័យព្រះពុទ្ធ

ខន្តីប្រែថាការអត់ទ្រាំ              រឹងមាំល្អស្រស់ដូចជាទង់

រក្សាកុសលឱ្យគង់វង្ស             មេត្តាដូចទង់បក់រវិច ។

មេត្តាខន្តីគូសមស័ក្តិ                មិនមានថ្នាំងថ្នាក់អ្វីបន្តិច

គឺអទោសៈថ្លៃជាងពេជ្រ           កម្ទេចសត្រូវនៅក្នុងខ្លួន ។

ខ្សែកតញ្ញូបង្ហូតទង់                 ទ្រទ្រង់បារមីឱ្យមាំមួន

បញ្ញាជាដងយ៉ាងស៊ប់សួន       ខ្យល់បក់អង្រួនគឺលោកធម៌ ។

សតិជាគ្រឹះកប់ក្នុងដី               ដងទង់គ្មានអ្វីត្រូវញាប់ញ័រ

ទង់បក់រវិចរំលេចពណ៌            ទទួលលោកធម៌ទាំង ៨  ។

ខៀវលឿងក្រហមសហង្សបាទ ពណ៌ផ្លេកស្រស់ស្អាតចាំងរង្សី

ជាផលសម្រេចពីបារមី            សីលជាផែនដីទ្រដងទង់ ។

តួនាទី      ត្រូវសំភី   ធ្វើឱ្យល្អ   ចិត្តស្មោះស     បន្តការ    ស្មារតីមាន

មិនប្រមាទ       ក្នុងជីវិត          ពិតជាស្ពាន     ចាកអត់ឃ្លាន   ឈានឆ្លាងគ្រោះ

រស់ប្រពៃ ។     ខ្ជិលធ្វើការ       មានឈ្មោះថា   ស្លាប់ទាំងរស់   ស្លាប់ដូចពស់

រស់កង្កែប        បែបសត្វរៃ       ហេតុដូច្នេះ      កូនត្រូវចេះ​      ឆ្លាតវាងវៃ

កម្ចាត់ភ័យ​       លៃឱ្យសព្វ​       ញាប់ដៃជើង ។

​​​​​​​​​​                       កូនមាសឪពុក

​              ភាសិតបានពោលទុកថា 

អ្នកស្រែបានស្រូវ​     រមែងឱ្យបាយ   ពួកព្រានទាំងឡាយរមែងឱ្យសាច់

ពេទ្យព្យាបាលរោគ ជាកិច្ចចាំបាច់     ឱ្យទានសម្រេចទៅលើចិត្តបុណ្យ ។

ចំណែកបណ្ឌិត មានពិតក្នុងលោក    បានជួបមានជោគព្រោះលោកពោលសុន្ទរ៍

កូនចង់បានអ្វី   កុំឱ្យស៊យស៊ុន         គិតទុកជាមុន   សឹមចូលទៅរក ។

            ​​​    កូនមាសឪពុក

គប់ពាលៗ នាំទៅរកខុស        ស្រីប្រុសចូរចាំកុំតាមចង់

គប់ប្រាជ្ញៗ នាំទៅរកត្រង់         សីលល្អផូរផង់ចង់ត្រឹមត្រូវ ។

សេពគប់បាបមិត្តពិតនាំខ្លួន      ឱ្យខុសផ្ទូនៗ កេរ្តិ៍អាស្រូវ

កំណើតជាមនុស្សក្រពេកកូវកូនត្រូវស្តាប់ឪទើបឈ្មោះល្អ ។

        ចូរកូនមាសឪពុកចាំទុកថា

គេមានផ្នែក      ប៉ែកមិនល្អ​       កូនកុំឃ្នើស    

កូនត្រូវជ្រើស   រើសយកស     ល្អគេមាន

ជាប្រយោជន៍   ហោចប្រកាន់​   ឆ្ពោះនិព្វាន

ខុសប៉ុន្មាន       ជាបាបគ្រោះ    របស់គេ ។

តើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេ ?

ម៉ែបានដាក់ទានឱ្យកូនជានិច្ចរាលថ្ងៃ

ម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូន

ម៉ែរង់ចាំបម្រើកូនជានិច្ចតាំងពីកូនកើតមក

ម៉ែបំបៅដោះកូន ថ្នមកូន ចិញ្ចឹមកូនជានិច្ច

ម៉ែភ័យញ័រខ្លួននៅពេលកូនឈឺម្តងៗ

ម៉ែជាគ្រូបង្រៀនកូនឱ្យចេះជុះនោម ចេះហូបចុក ចេះស្លៀកពាក់ បង្រៀនកូនឱ្យចេះអង្គុយ ចេះឈរ ចេះដើរ ចេះនិយាយ ចេះធ្វើល្អ ចេះប្រយ័ត្នខ្លួន

ម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមក

ម៉ែទិញរបស់ឱ្យកូនលេង ទិញនំឱ្យកូនញុំា

ម៉ែជួយរៀបចំឧបករណ៍សិក្សាឱ្យកូន

ម៉ែជាធនាគារបើកប្រាក់ឱ្យកូនគ្រប់ពេល

ម៉ែជួយរៀបចំឱ្យកូនបានសុខស្រួលគ្រប់យ៉ាង

ម៉ែបានអប់រំកូនឱ្យមានកិរិយាមារយាទល្អ

ម៉ែបានទូន្មានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃ

ម៉ែព្យាយាមដាស់កូនឱ្យក្រោករៀងរាល់ព្រឹក

ម៉ែប្រាប់ឱ្យកូនងូតទឹក ដុសក្អែលឱ្យកូន

ម៉ែសិតសក់ឱ្យកូន តែងខ្លួនឱកូន

ម៉ែដឹកនាំឱ្យកូនចេះសុភាពរាបសា

ម៉ែដាស់តឿនកូនកុំឱ្យនិយាយអាក្រក់

ម៉ែរំលឹកកូនគ្រប់យ៉ាងនិងគ្រប់ពេល

ម៉ែជាអាចារ្យ           ម៉ែជាទេវតា            ស្ថិតនៅក្នុងផ្ទះ

ម៉ែនិងម៉ែជាព្រហ្ម     ព្រមទាំងជាព្រះ       កូនក្រាបសំពះ     ឈ្នះអស់សត្រូវ  ។

        ចូរកូនពិចារណានូវកំណាព្យនេះ

រូបសល្អរាងគួរស្រឡាញ់                 តែចាញ់ល្អចិត្តគំនិតជា

មិនយូរប៉ុន្មានរូបជរា                       ឯចិត្តល្អជាមិនចាស់ឡើយ ។

កូនមាសឪពុកចូរកុំភ្លេច​                  ធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយ

មានរូបមានរោគឥតស្រាកស្បើយ     កូនអើយព្រះធម៌មិនចេះឈី ។

បើកូនរៀនធម៌អប់រំចិត្ត                    ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ

ជីវិតត្រូវស្លាប់រូបត្រូវឈឺ                  ប៉ន្តែចិត្តភ្លឺមិនស្លាប់ទេ ។

ចិត្តភ្លឺៗខ្លាំងជាងសុរិយា                  ភ្លឺដោយបញ្ញាចិត្តទំនេរ

កើតចាស់ឈឺស្លាប់ព្រោះក្តីសេ្នហ៍     ឯចិត្តទំនេរផុតទុក្ខហោង ។

(និពន្ធដោយ ធម្មាចារ្យ ប៊ុន សាវង្ស )​​ ( សរសេរ ដោយភិក្ខុ វជិរធម្មោ សេងហាក់)

                              ត្រៃគុណ

ស្គាល់ត្រៃគុណ     នរជននោះ          ឈោ្មះបណ្ឌិត

ព្រោះគំនិត          គិតយល់ត្រូវ         ផ្លូវកុសល

ស្គាល់ព្រះគុណ     រតនត្រ័យ            គ្មានអ្វីដល់

ដឹងហេតុផល      យល់ដឹងច្បាស់     ព្រះគុណបី

២. កើតមកបានរស់        ព្រោះគុណឳម៉ែ    លោកថ្នាក់ថ្នមថែ ចិត្តស្នេហ៍ប្រណី

ធំឡើទៅរៀន មានវិជ្ជាល្បី                គុណគ្រូប្រុសស្រី គូរលៃគោរព ។

៣.មិងមាដូនតា បុព្វការីជន               ជួយប្រឹងរែកពុន ចាកខ្លៅឧបទ្រព

គុណថ្លៃទាំងបី ប្រពៃដូចម្លប់              ត្រជាក់ថ្ងៃយប់ គឺម្លប់ព្រះធម៌ ។

៤. ធ្វើបុណ្យធ្វើទាន គួរមានបញ្ញា      សទ្ធាជ្រះថ្លា ចិន្តាស្មោះសរ

អប់រំជីវិត ប្រព្រឹត្តតែល្អ                     ប្រតិបត្តិព្រធម៌ ត្រេកអរភ្លឺថ្លា។

៥. ដឹងគុណម៉ែឳ ទាន់នៅខែភ្លឺ          កុំចាំគាត់ឈឺ ឬស្លាប់មរណា

ទើបនាំគ្នីគ្នា វន្ទាវេរដារ                      ឧទ្ទិសវាចា ប្រាថ្នាគួរគាប់ ។

៦.ធ្វើបុណ្យរនោច ដូចខែងងឹត           កាលមានជីវិត មិនគិតផ្ទៀងផ្ទាត់

ដល់ពេលស្លាប់បាត់ ទើបកាត់រកគាត់   យកធាតុដាក់វត្ត ឱ្យស្តាប់ព្រះធម៌ ។

៧.ទាន់ម៉ែនិងឳ ជីដូនជីតា                មិនទាន់មរណា ភ្លឺថ្លាត្រេកអរ

ប្រណិប័តន៍គោរព ថ្ងៃយប់ឱ្យល្អ          បាយទឹកសម្ល ប្រណម្យវន្ទា ។

៨.អ្នកទាំងឡាយអើយ នេះជាបណ្តាំ    រស់ស្គាល់ផលកម្ម ចងចាំគ្រប់គ្នា

រស់មានបញ្ញា កាប់ឆ្ការអវិជ្ជា              ទានសីលភាវនា មាគ៌ាល្អពិត ។

៩. រស់បៀបណា មរណាយ៉ាងនោះ    កើតមកជាមនុស្ស រៀនរស់សុចរិត

ស្លាប់ក្រអូបឈោ្មះ រស់ក្រអូបចិត្ត        ជីវិតសុចរិត ប្រព្រឹត្តធម៌បួន ។

១០. មួយមាន មេត្តា ករុណា ទីពីរ       ទីបីមូលមីរ សំភីមាំមួន

មុទិតាធម៌ ស្មោះសរខ្ជាប់ខ្ជួន              ឧបេក្ខា ទីបួន ជាក្បួនគុណធម៌ ។

​                                ឃើញហំ មើលចំហេវ

កំលោះក្រមុំស្រស់សមសោភា           ជួបជុំគ្នាម្នីម្នាបំណងគិត

ឃើញភ្លាមភាន់ភ្លែតភា្លត់ភ្លាំងគំនិត      ម៉ែឳពិតតឿនគិតគួរខែក្រោយ ។

ឃើញត្រឹមរូបក្រៅច្បាស់ឃើញថាហំ    បើពិនិត្យចំច្បាស់ជាហេវហើយ

សូមទោសចុះម៉ុមស្គាល់ប្រវត្តិហើយ     មួយរយភាគរយល្អដប់ឬម្ភៃ។

សូមកុំទាន់ស្តាប់ត្រឹមប៉ុណ្ណោះ             ឬកុំជេរត្មិះចាំខ្ញុំលកលៃ

ល្អក្នុងទីនេះដៅបុណ្យបារមី               ចរិតថ្លាថ្លៃមារយាទទេតើ ។

                                        ជ្រូក និង គោ

សត្វជ្រូកសារសព្ទប្រាប់ដល់គោ         វស្សាទឹកហូរគោយ៉ាប់ហើយ

ឯខ្ញុំនេះនែឥតនឿយឡើយ                តែអ៊ូកៗ ហើយម្ចាស់ស្រីមក ។

គោតបថាជ្រូកអើយម្ចាស់ស្រី             ពេលនាងពេញវ័យមានគេមក

ដណឹ្តងរៀបការច្បាស់ជាយក             ក្បាលឯងលៃលកកាត់ការនាង ។

ដោយសាមណេរ នវធម្មបាល ង៉ុវ ហេន ។

                           សង្រ្គាមត្រជាក់

សង្គ្រាមត្រជាក់     ពាក្យនេះអស់អ្នក   ច្បាស់ជាក់ជាដឹង

ខ្ញុំឆ្លៀតឱ្យកាស     ជូនជាដំណឹង                ខុសត្រូវកុំខឹង       គួរប្រឹងសង្កេត ។

មនុស្សដប់ម្ភៃនាក់  ស្លាប់ម្តងឃើញជាក់        ដោយអភូតហេតុ

យើងហាក់ឆោឡោ ភ័យភ្នែកសស្លែត   ថាមិនសមហេតុ    ស្លាប់ម្តងច្រើនម៉េះ។

តាមច្បាប់ធម្មជាតិ  សត្វស្លាប់បែកឃ្លាត        ព្រាត់ញាតិដូច្នេះ

គ្រាន់តែមុនក្រោយ កុំធ្លោយប្រហែស   ស្លាប់ម្តងប៉ុណ្ណេះ    ចេះគុណសាកមើល ។

      ខ្មែរថែកេរ្តិ៍ដូនតា​

បុព្វបុរសដូនតាខ្មែរបានខិតខំថែរក្សា និងកសាងទឹកដីព្រៃឈើប្រាសាទប្រាង្គ

សម្បិត្តគ្រប់យ៉ាងទុកឥតខ្វះ ស្នាដៃទាំងនោះបញ្ជាក់ថាជាកេរ្តិ៍ដូតាដ៏ល្ងល្អះ

ទុកឱ្យជាតិខ្មែរយ៉ាងច្បងច្បស់តជាតិពូជសាសន៍នៅសព្វថ្ងៃ ហេតុនេះកូនខ្មែរគ្រប់ៗ

គ្នាកុំនៅរុញរាត្រូវលកលៃ រក្សាស្រឡាញ់នូវស្នាដៃទើបខ្មែរមានន័យខ្មែរស្នេហ៍ជាតិ ។

ពេលទំនេរ        គួររិះរេ        អានសៀវភៅ        ព្រោះជាផ្លូវ

កើតបញ្ញា          ថ្លាគំនិគ      ពេលទំនេរ           ត្រូវតែនៅ

ជាមួយមិត្ត         មើលអានគិត មិត្តប្រសើរ      គឺសៀវភៅ ។៕

បានធ្វើធំ          ហើយប្រឹងខំ       កេញប្រវ័ញ្ច

អ្វីក៏អញ              ដូចដីទឹក            ព្រៃព្រឹក្សា

បានធ្វើធំ             ធំតែដី                ផ្ទះវិឡា

ត្រង់ឯការ            អភិវឌ្ឍន៍           គ្មានសោះឡើយ ។

បានធ្វើធំ             ត្រូវប្រឹងខំ          សាងស្នាដៃ

ឱ្យប្រពៃ              ថ្លៃប្រសើរ            ដល់អ្នកក្រោយ

ទើបមានឈ្មោះ     បោះសំលេង     ទាំងមុខក្រោយ

ហើយគេឱ្យ          នាមមកថា           សមអ្នកធំ ។

ជាតិកូនប្រុស

ជាតិកូនប្រុស       កើតមួយជាតិ      ធាតុមួយចាន

ត្រូវតែហ៊ាន          ហ៊ានតស៊ូ            កុំខ្លាចនឿយ

ហ៊ានលំបាក         ចេះខ្លាចក្រ          ទើបដល់ត្រើយ

កុំកន្តើយ             កើតមកហើយ      ត្រូវតស៊ូ      ។

ជាតិកូនប្រុស    កើតមកហើយ      ត្រូវរៀនគិត

ខំប្រព្រឹត្ត             គិតមិនយល់         ត្រូវចេះសួរ

សួរស្វែងយល់   យល់ពីហេតុ         គួរមិនគួរ

ពាក្យថាសួរ        គឺចង់ចេះ             ចំនេះថ្មី ។

ជាតិកូនប្រុស                ត្រូវតែរស់            គឺប្រឹងប្រែង

ចេះចាត់ចែង                បែងរៀងចំ           ពាក្យសំដី

ឱ្យបានសម          ពោលទៅកាន់      ជនប្រុសស្រី

ហើយធ្វើអ្វី           ឱ្យប្រពៃ              សមជាប្រុស ។

ដោយឧសិកា​ ទេពទ្រឹម ឈុំ

ពឹងខ្លួនមាំមួនជាងពឹងអ្នកដទៃ

ធ្វើអ្វីគ្រប់យ៉ាង       សូមកុំសំអាង                អ្នកនៅក្រៅខ្លួន

ត្រូវពឹងខ្លួនឯង       ឱ្យបានមាំមួន                ទើបអាចរួចខ្លួន     ពេលមានបញ្ហា ។

ពឹងអ្នកដទៃ          ឱ្យជួយលកលៃ     ដោះស្រាយកិច្ចការ

ដល់ពេលគ្មានគេ   ប្រាកដណាស់ណ ធ្វើមុខដូចស្វា        ព្រោះគ្មានអ្នកពឹង ។

ដូច្នេះគ្រប់ប្រាណ   ចូរចាំឱ្យបាន         កំណត់ត្រូវដឹង

ពឹងអ្នកដទៃ          គ្មានទីលំនឹង         មានតែត្រូវប្រឹង     ពឹងខ្លួនទើបល្អ ។

ដោយឧសិកា ទេពទ្រឹម ឈុំ

សម្តីជាអ្វី ?

សម្តីជាទ្រព្យប្រើរាប់មិនអស់           តែបើប្រើទាស់ នាំកើតហិង្សា

នាំឱ្យគុំកួន ជាប់ក្នុងចិន្តា                   អាចហ៊ានប្រហារ ប្រាថ្នាធ្វើឃាត ។

បើប្រើត្រឹមត្រូវ ត្រង់តាមព្រះធម៌     នាំជួបផលល្អ បវរឥតឃ្លាត

សម្តីកើតយស រស់មានមិត្តញាតិ   សម្តីសរជាតិ មារយាទសរពូជ ។

សម្តីល្អជា ពូជធារល្អគាប់                 សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច

សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍ សម្តីឥតខូច ប្រយោជន៍គង់មាន ។

សម្តីគួរគាប់ ជាប់ព្រហ្មវិហារ             ព្រមដោយសទ្ធា បូជាសីលទាន

សម្តីជាធម៌ ល្អរកផ្ទឹមគ្មាន                 ប្រាប់ផ្លូវនិព្វាន ធម្មយានបរិយាយ ។

ដោយឧបាសក គុយ សុធន

                                 កុំរកទោសគេ

សេពគប់នឹងល្បែងវិនាសតែងចាំ        ប្រព្រឹត្តចោរកម្មគុកចាំទទួល

ប្រព្រឹត្តមិនសម អារម្មណ៌មិនស្រួល   សតិប្រែប្រួល ដួលព្រោះស្រវឹង ។

គួរសាងកុសលតម្កល់ចិត្តកាយ           រស់ដោយសប្បាយរំសាយកំហឹង

កុំឱ្យស្តាយក្រោយដោយថាមិនដឹង    បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង ។

ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា               ព្រះធម៌ចែងថាជីវិតមិនទៀង

កុំអាងនៅក្មេងវង្វេងនឹងរាង               បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ ។

កំហុសខ្លួនឯងជាក់ស្តែងឥតស្តី         ទោសអ្នកដទៃរំពៃធំទ្វេ

ដំរីមួយស្លាប់បាំងនឹងចង្អេរ                 ជិតដែរឬទេគួរពិចារណា ។

កំហុសតែងមានចំពោះអ្នកធ្វើ            អ្នកអង្គុយមើលកុំចេះតែថា

គួរមានមេត្រីដោយក្តីមេត្តា                 ទៅតាមធម៌អាថ៌ដែលព្រះទូន្មាន ។

​                                ដោយឧបាសក គុយ សុធន​

                                អាក្រក់ព្រោះល្អ

ដើមឈើល្អស្រល់ព្រោះត្រួយនិងស្លឹក ពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់

ឈើដែលផ្លែច្រើនច្រើនបង់សម្រស់     គេបេះផ្លែអស់នៅសល់តែមែក ។

ដំរីមាឌធំសាច់ដុំទ្រលុក                          ស្លាប់ព្រោះតែភ្លុកនាំទុក្ខសង្វេគ

សត្វខ្លាអង់អាចកាចខ្លាំងអនេក           ស្លាប់ព្រោះតែស្បែកល្អឯងគួរគាប់ ។

អ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃា្លន    ចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រព្យ

បំណាច់នឹងក្រឱ្យល្អញាតិរាប់             បំណាច់មានទ្រព្យឱ្យជាប់សីលទាន ។

សម្បត្តិលោកីយ៍ប្រពៃគួរគាប់             ឯអរិយទ្រព្យរកអ្វីដូចគ្មាន

ជនណាបានហើយស្បើយទុក្ខស្រាកឃ្លាន គួរកុំបំពានដោយគ្មានមេត្តា ។

ទ្រព្យបានដោយធម៌លម្អជីវិត             ម្ចាស់មានគំនិតគិតដោយបញ្ញា

ធ្វើបុណ្យដាក់ទានមានសីលល្អថ្លា       គង់ដល់ប្រាថ្នាគឺព្រះនិព្វាន ។

ដោយឧបាសក គុយ សុធន​

                                ចំណងមេបា

ជីវិតសត្វលោកកើតមកដោយកម្ម     រស់ច្រើនខែឆ្នាំចូរចាំទុកនៅ

អប់រំបុត្រភ្ងាកុំឱ្យល្ងង់ខ្លៅ                     សងគុណម៉ែឳនោះទើបប្រពៃ ។

ចំណងមេបារៀបការកូនចៅ              អញ្ជើញញាតិផៅឱ្យពរឱ្យជ័យ

ស៊ីការសប្បាយចាយប្រាក់ចងដៃ      ធ្វើការដប់ថ្ងៃចងដៃការមួយ ។

ពេលមង្គលការហ៊ឺហាសប្បាយ         ស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយ

គិតថាបានគ្នាគ្រាន់ជាជំនួយ              ភ្លេចគិតថែមមួយព្រួយស្មើខន្ធដប់ ។

កាយមួយខន្ធប្រាំរងកម្មអនេក            កាយពីរទឹកភ្នែកសង្វេគគ្រប់សព្វ

កាយច្រើនរោគច្រើនចម្រើនទុក្ខជាប់    រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវ ។

ព្រះធម៌នៅមានម្តេចមិនរៀនស្តាប់       ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវ

មានរូបមានទុក្ខមានខុសមានត្រូវ         គួរខំរៀនទៅកុំខុសច្រើនពេក ។

ដោយឧបាសក គុយ សុធន

   គ្រោះសាសនា

ជាតិអ្នកនេសាទសង្វាតរកត្រី             ប្រហាររាល់ថ្ងៃឥតក្តីមេត្តា

ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា          សម្លាប់បក្សាឥតញញើតដៃ ។

ជាតិជាអ្នកបួសរស់ក្នុងអារាម             ប៉ងវៀរចាកកាមតាមព្រះជិនស្រី

សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ       តាមធម៌វិន័យព្រះពុទ្ធសាសនា ។

បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ    តាមធម៌បញ្ញត្តនៃព្រះសាស្តា

បរិស័ទទាំងឡាយសប្បាយបូជា         ដោយចិត្តសទ្ធាបូជាឥតស្តាយ ។

ព្រះសង្ឃសាវ័កជាក់ជាស្រែបុណ្យ     ជនសាបពូជមុនបានផលឯនាយ

ពុំព្រួយរីងរាំង ពុំខ្លាចជន់សាយ           រីករាយសប្បាយឥតស្តាយស្រណោះ ។

ប្រសិនបើវត្តអត់មានព្រះសង្ឃ           លោកមានតែស្បង់សង្ឃបាត់បង់អស់

ទាំងធម៌វិន័យបាត់បង់សម្រស់            នោះហៅថាគ្រោះអន្តរាយសាសនា ។

ហៃអស់នរៈជនទាំងឡាយអ្ហើយ        ចូរកុំកន្តើយខិតខំសិក្សា

ទាន់ធម៌នៅមានរៀនពិចារណា          ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី ។

ដោយឧបាសក គុយ សុធន

                              មានអ្វីមិនស្មើនឹងមានបញ្ញា

អ្នកមានកំហុសធ្វើអ្វីក៏ភ័យ                        អ្នកមានវិន័យធ្វើអ្វីក៏សម

អ្នកមានសម្បត្តិជួបទុក្ខក្រៀមក្រំ          អ្នកល្អឧត្តមគឺមានបញ្ញា ។

ទោះមានឬក្រឥតអង្វរចិត្ត                     សាងតែសុចរិតឥតចោលមេត្តា

គោរពស្រឡាញ់ជនគ្រប់អាត្មា            ជួយទុក្ខធុរៈគ្នាគ្រប់គ្រាអាសន្ន ។

បើឃើញគេល្អជួយអរដោយស្មោះ       ឃើញគេខុសទាស់ប្រាប់ឥតបំភាន់

ជួយជាយោបល់ដូចផ្តល់រង្វាន់            ឥតគិតគ្នេរគ្នាន់ទាន់ខុសនៅស្រាល។

សេពគប់នឹងធម៌ល្អបវរពិត                     សេពគប់បណ្ឌិតពិតល្អគ្រប់កាល

សេពគប់ជនពាលៗតែងអុជអាល       រឿងតូចខុសស្រាលរាលដាលធំបាន ។

ប្រព្រឹត្តឥតយល់ផលអ្នកដទៃ               នឿយហត់រាល់ថ្ងៃអាស្រ័យចង់មាន

បុណ្យបាបឥតគិតប្រព្រឹត្តបំពាន          រឿងសីលបុណ្យទានឥតមានសទ្ធា ។

អ្នកមានបញ្ញាមេត្តាជានិច្ច                     ទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លា

ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា           សុខគ្រប់ប្រការរហូតនិព្វាន ។

ដោយឧបាសក គុយ សុធន​

                                        សុជីវធម៌

សុជជីវធម៌តែងលម្អមនុស្ស               គ្រប់ជនស្រីប្រុសដែលកាន់រក្សា

ទោះមានឬក្រធំតូចយ៉ាងណា          បានកាន់រក្សាថ្លៃថ្លាឧត្តម ។

អំពើឆ្គាំឆ្គងគន្លងមិនល្អ                     សុជីវធម៌ជាអ្នករៀបចំ

ដកចោលអំពើណាដែលពុំសម       រើសស្រង់សន្សំទុកអំពើល្អ ។

ចេះខ្មាសខ្លូនឯងក្រែងអ្នកដទែ        ចេះលកចេះលៃវិន័យឬធម៌

រស់សមជាមនុស្សខ្ពង់ខ្ពស់បវរ         បើមនុស្សឥតធម៌ស្មើនឹងតិរច្ឆាន ។

                        សល់តែថ្ងៃចាស់

មិនទាន់បានធ្វើអ្វីល្អផង                    ម្ភៃឆ្នាំកន្លងផុតស្រឡះ

វ័យក្មេងអស់ទៅយ៉ាងរហ័ស           សល់តែថ្ងៃចាស់ថ្ងៃជរា ។

បណ្តាថ្ងៃចាស់ជរាខ្លួន                     ថ្ងៃមួយចំនួនមានរោគា

និងមានថ្ងៃមួយគ្រប់ៗគ្នា                  គឺពេលវេលាត្រូវមរណា ។

ឯម៉្យាងដែលគួរឱ្យស្លុតណាស់        គឺស្លាប់មុនចាស់មុនយាយតា

ដូច្នេះគួរតែខំសិក្សា                           អប់រំចិន្តាផ្លូវធម៌ផង ។

ដោយឧបាសក គុយ សុធន

                                       ព្រះធម៌ជាស្ពាន

លើភពផែនដីមានព្រៃមានភ្នំ                 ទន្លេតូចធំប្រជុំឃុំស្រុក

មនុស្សមានផ្ទះនៅសត្វមានសម្បុក    ស្វែងរកក្តីសុខគ្រប់ៗអាត្មា ។

បានកើតជាមនុស្សកុំភ្លេចសីលទាន   ព្រះធម៌ជាស្ពានឈានឆ្លាងអន្ធការ

បើលោភៈក្រាស់ខ្វះលុះមរណា           បើគ្មានមេត្តាក្តៅផ្សាលុះក្ស័យ ។

បើកើតជាសត្វមានអ្វីធ្វើទាន              រងទុក្ខស្រេកឃ្លានទាំងយប់ទាំងថ្ងៃ

បានកើតជាមនុស្សជាលាភធំក្រៃ      ត្រូវភ្ជាប់និស្ស័យនឹងព្រះសាសនា ។

បើខ្វះសទ្ធាកំព្រាបុណ្យជាក់               បើខ្វះវីរិយៈកំព្រាកិច្ចការ

បើខ្វះខន្តីកំព្រាមេត្តា                           បើខ្វះបញ្ញាកំព្រាមគ្គផល ។

ដោយឧបាសក គុយ សុធន

                             សទ្ធាជូនជំនូនកម្ម

សទ្ធាជាទ្រព្យល្អលើសអ្វីៗ           នាំជនប្រុសស្រីឱ្យប្រព្រឹត្តល្អ

បើមានតែទ្រព្យសទ្ធាទ័លក្រ      មាសប្រាក់ទាក់ក រកចាយពុំបាន ។

រដូវភ្ជុំបិណ្ឌតែងតែទៅវត្ត             ទោះជាក្រខ្សត់ក៏ឥតហ៊ានខាន

ទោះបាយមួយវែកសម្លមួយចាន ទៅវត្តខាតដ្បិតខ្លាចញាតិជេរ ។

ឧទ្ទិសឱ្យប្រេតប្រុងខ្លួនផងទៅ    កុំឱ្យធ្លាក់ផ្លូវទៅប្រេតដូចគេ

ស្លាប់ទៅជាប្រេតពុំអាចដឹងទេ    តែខ្លាចជាងគេគឺប្រេតទាំងរស់ ។

កម្មធ្វើចំណារចារជារជាជំនួន     សម្រាប់ទុកជូនសត្វលោកទាំងអស់

សាងល្អបានល្អជួបសប្បុរស      ពុតពាលឥតស្មោះជួបទុក្ខគ្រាំគ្រា ។

បើជួបបណ្ឌិតពិតបានស្តាប់ធម៌   ប្រុងស្តាប់ដោយល្អនាំកើតសទ្ធា

ជឿហេតុនៃផលបានដល់បញ្ញា   ជីវិតថ្លៃថ្លាឥតអាប់រស្មី ។

ដោយឧបាសក គុយ សុធន​

​                        ទឹកហូរគ្នានត្រឡប់

ពពករសាត់បាត់ឆ្ងាយទៅ​         សង្ខារមិននៅទៅតាមថ្ងៃ

ទឹកធ្លាក់ចាកភ្នំពុំអាល័យ          ជីវិតសែនថ្លៃចាកជីវី ។

ទឹកហូរធ្លាក់ពិតត្រឡប់​             ទោះធ្លាប់ដក់ទើរលើគីរី

យសខ្ពស់ញាតរស់ជុំមូលត្រី​   ចាកទីចុះទាសវិនាសព្រាត់​។

ព្រៃធំមានម្រឹគទឹកមានត្រី​         វេហាស៍បក្សីហិចហើរស្ទាត់

លោកធម៌ប្រាំបីអ្វីទៀងទាត់​       ត្រៃលក្ខណ៍ប្រាកដជ្រែកសង្ខារ ។

ឆ្កែកើតរមាស់អង្គែស៊ី

ឆ្កែកើតអង្គែគ្មានទេរោម                  រមាស់ស្គាំងស្គមព្រមត្រជាក់

លំបាកខ្លួនខ្លាំងតាំងញ័រញាក់        រត់បោលទទ្រាក់ធ្លាក់ដល់ភ័យ ។

ទៅកាន់ទីណាក៏ស្មាញស្មុគ​            ទីនោះមិនសុខស្រុកឬព្រៃ

ទោះដេកទោះដើរដំណើរក្ស័យ      ឧបសគ្គចង្រៃអាស្រ័យខ្លួន ។

ដូចមនុស្សក្នុងលោករោគក្នុងចិត្ត   ក្តៅផ្សាពេកពិតត្បិតគុំកួន

រក្សាពិសក្តៅនៅក្នុងខ្លួន                   ប្រកាន់មាំមួនខ្លួនឥតសុខ ។

ហេតុកើតត្រង់ណាផលត្រង់ហ្នឹង បើបានជាដឹងប្រឹងសម្រុក

កម្ចាត់ពិសក្តៅទើបនៅសុខ            ទោះស្រុកឬព្រៃគ្មានអ្វីទាស់ ។

មនុស្សដែលគេទុបចិត្ត

ញញឹមរកគ្នា         តាំងចិត្តសន្ទានា    វាចាពីរោះ

ពេលគេមានទុក្ខ    ត្រូវជួយសង្រ្គោះ    បានអ្វីដាក់ពោះ      កុំរស់តែឯង ។

ត្រូវចេះលះបង់      ទាំងចេះស្មោះត្រង់ ចិត្តចង់ចេះក្រែង

ទេសនាពីរោះ       សង្គ្រោះក្រៃលែង​  មែនអួតខ្លួនឯង       មិនហែងទឹកចិត្ត​។

ទឹកចិត្តទឹកមាស    បេះដូងមានព្រះ     មន្តស្មេហ៍ស័ក្តិសិទ្ធិ

ញាតិច្រើនកន្លង    អ្នកផងទុកចិត្ត       លុះចាកចេញពិត      ញាតិមិត្តអាល័យ ។

ចេះប្រើខ្លួនឯង      ព្រមទាំងចេះក្រែង  អ្នកផងអាស្រ័យ

ប្រឹងជួយការងារ    ពេញជើងពេញដៃ  ញាតិមិត្តអាល័យ       ពេលក្ស័យជីវ៉ា។

ចេះអានខ្លួនឯង​     ព្រះធម៌សម្តែង​      ឱ្យចេះសិក្សា

ដឹងតួនាទី            មិនចោលកិច្ចាការ  ចេះស្គាល់អាត្មា         មនុស្សម្នាចូលចិត្ត ។

ចេះតឿនខ្លួនឯង    ទាំងចេះប្រឹងប្រែង  អ្នកផងអាណិត

កុំចាំគេប្រើ           ការងារល្អពិត               វីរិយៈសណ្ឌិត

ញាតិមិត្តត្រូវការ ។

ចិត្តយើងចិត្តគេ

ចិត្តយើងចិត្តគេ     កូនត្រូវរិះរេ          គ្នាន់គ្នារឱ្យច្បាស់

កុំតាមចិត្តពាល     តាមព្រះតម្រាស់    ព្រះធម៌ល្អណាស់       កូនត្រូវបដិបត្តិ ។

ចិត្តគេចិត្តយើង     បើមានះឡើង       កូនត្រូវកម្ចាត់

បើចង់សុខចិត្ត       កូនត្រូវហ្វឹកហាត់   រស់ដោយប្រយ័ត្ន       ទើបផុតអន្តរាយ ។

ខ្លួនជាឧបមា         ចម្រើនមេត្តា         ទោសារំសាយ

ឱ្យសុខខ្លួនឯង       និងសត្វទាំងឡាយ សុខនៅមិនឆ្ងាយ

​                        រកឃើញក្នុងចិត្ត។

មនុស្សថ្លៃជាងប្រាក់

សុរិចថ្លៃជាងពេជ្រ                  កុំបំភ្លេចចោលខ្លួនប្រាណ

មនុស្សថ្លៃពន់ប្រមាណ             កុំចោលប្រាណដូរយកប្រាក់ ។

ចោលប្រាណស្មើលក់ខ្លួន         ឳពោលផ្ទូនឱ្យប្រចក្ស

មនុស្សយើងថ្លៃជាងប្រាក់         ត្រូវទុកដាក់ខ្លួនឱ្យល្អ ។

     ផ្លូវនៃសេចក្តីសុខ

សុខណាស់ស្ងប់ណាស់   ពេលបានយល់ច្បាស់      ពីរឿងជីវិត

ដឹងថាក្នុងលោក            មានសុខទុក្ខពិត            តែមិនបានគិត         ជារឿងខ្លួនឯង ។

អប់រំឱ្យដល់                  ទើបចិត្តលែងខ្វល់          ប្រកាន់ហូងហែង

ប្រគល់រឿងរ៉ាវ              លើហេតុចាត់ចែង          បច្ច័យតាក់តែង      នឹងបានសុខស្ងប់ ។

សុខនេះប្រណីត            ឧត្តមពេកពិត               ជាងទ្រព្យកំណប់

អ្វីក៏ប្រសើរ                   មិនស្មើសុខស្ងប់            ដល់ទីបញ្ចប់        និព្វានរង់ចាំ ។

ដោយឧបាសិកា ឱម លក្ខណៈ

ជម្នះដ៏ប្រសើរ

កុកភ្លេចជង់ម្តេចប្រុងប្រយ័ត្ន              ត្រីត្រូវគេកាត់ដាក់ឆ្នាំងស្ល

ព្រោះតែឃើញនុយស្ទុះមកស្រ           ដូចចិត្តត្រេកអរនិងលាភា ។

ដែកត្រូវភ្លើងដុតលត់ទៅរឹង                 ចិត្តខូចរបឹងឥតគណនា

ទោះត្រូវរងទុក្ខសោកច្រើនគ្រា           ពុំងាយនឹងភ្ងារដឹងខ្លួនបាន ។

ស្រឡាញ់ស្អប់ខឹងហ្នឹងរោគចិត្ត          តាមជាប់យ៉ាងស្អិតពិតរំខាន

បង្កទុក្ខសោករោគសាមាន្យ                 អំពល់ឥតស្រាន្តគ្មានយប់ថ្ងៃ ។

បង្រ្កាបដំរិក្របីសេះ                           បើទាល់ចំចំណេះនឹងប្រល័យ

បង្ក្រាបគំនិតចិត្តអប្រិយ                    បើភ្លាត់ចាញដៃពិតក្យ័យខ្លួន ។

សតិអើយក្រោកកុំនៅស្ងៀម              ធ្វើក្តីព្យយាមឱ្យមាំមួន

ចោលអ្វីចោលចុះកុំចោលខ្លួន            រក្សាថែថូនដោយប្រឹងប្រែង ។

វិស័យនៃចិត្តដិតអារម្មណ៍                 ព្រោះបានសន្សំជាអង្វែង

ជនបានឈ្នះពិតឥតចំបែង               ជាជនគួរស្មែងក្នុងលោកា ។

ដោយឧបាសិកា ឱម លក្ខណៈ

រឿងពិតរបស់ជីវិត

ជូនបាបលាមក      ចោលក្លិនអាក្រក់   អសោចអស្ចារ្យ

ជូនមានកុសល     ក្រអូបជាងផ្កា                គួរពិចារណា       បញ្ហាជីវិត ។

មនុស្សលោកម្នោម្នេញ   កន្ទក់កន្ទេញ  កតៅក្រហាយចិត្ត

មកពីមិនយល់       ថានេះរឿងពិត      របស់ជីវិត      វាយ៉ាងហ្នឹងឯង ។

មិនតែប៉ុណ្ណោះ      ថែមទាំងគិតខុស   ប្រកាន់ហូងហែង

ថាជីវិតនេះ          ជាតូខ្លួនឯង          ទើបទុក្ខប្រឡែង           គ្មានពេលរលត់ ។

មនុស្សលោកល្ងង់ណាស់      ស្លាប់ទៅទាងខ្វះ    ទាំងការតក់ស្លុត

សប្យាសមិនឆ្អែត   គ្មានទីបំផុត          ទោះដល់ថ្ងៃដុត            ក៏នៅប្រាថ្នា ។

មនុស្សលោកល្ងង់ពិត   បៀបដូចសុខចិត្ត      ឱ្យសាច់គេអារ

ក្លាយជារបូស                  ដំបៅឈឺផ្សា           ទើបខំរក្សា          បិទលាងមេរោគ ។

អ្នកប្រាជ្ញនឹងន               ឃើញសង្ខារធម៌     កើតមកក្នុងលោក

មិនបានរីករាយ             ត្រេកអរចាប់យក   ទាំងមិនសោយសោក     ពេលធម៌បាត់បង់ ។

ដោយឧបាសិកា ឱម លក្ខណៈ

flower1_div_md_wht
 
64956_330659446984488_2102487441_n 181210_378584608858638_222400178_n 217979_432261886824243_221563564_n 208990_398966130153819_1016121579_n

Leave a comment