Moral people khmer.សីលធម៌ពលរដ្ឋខ្មែរ

                                   ទស្សនៈអប់រំអំពីស្នេហា

១. ១០សែនសុគន្ធមន្តមាល័យ           ប្រៀបស្មើរសនៃស្នេហ៍មិនបាន

រសស្នេហ៍កើតម្តងជាតិជាប់ប្រាណ      សែនសុខសាន្តពេលមានសេ្នហ៍ ។

សេចក្តីស្នេហ៍ជាធាតុម៉្យាងដែលប្រៀប  ដូចជាទឹកអំបិលកាន់តែផឹកកាន់តែស្រេក

កាន់តែភ្លក្សកាន់តែជាប់ចិត្តហើយសំគាល់  ថាជារសដ៏ផ្អែមឆ្ងាញ់ ចាញ់បោកវាហើយ

នៅឡើយសរសើរវាទៀត ….។

២. ឱថ្ងៃណាមិនបានជួបវង់ភ័ក្រ្ត          ក្តីទុក្ខកើតជាក់ក្នុងចិន្តា

ក្រៀមក្រមចុកណែនពេញឱរ៉ា            ឈឺផ្សាក្តុកក្តួលស្ទើរក្សិណក្ស័យ ។

សេចក្តីស្នេហ៍គឺជាជំងឺអាសន្នរោគ      កើតឡើងហើយបំផ្លាញដួងចិត្តឱ្យ​

ខ្ទេចខ្ទំ វីវក់គ្មានពេលរសាយ ។           កាន់តែស្រឡាញ់ កាន់តែឈឺចាប់

កាន់តែស្មោះត្រង់ កាន់តែទុក្ខកង្វល់     នេះហើយដែលហៅថាជម្ងឺស្នេហា ។

៣. រាត្រីច្រើនដោយដួងតារា      ​        ពន្លឺព្រាល៍ៗមិនសាយសុះ

ព្រះច័ន្ទដួងមួយភ្លឺឥតខ្ទោះ​​

នេះស្មោះថាដួងមានតែមួយ      ។      ឯស្នេហ៍មានច្រើនជាអនេក

ទុក្ខធ្ងន់ពន់ពេកកើតខ្វល់ព្រួយ            បើស្នេហ៍ស័្មគ្រស្មោះមួយនិងមួយ

ម្លេះសមសុខស្រួលគ្មានមួហ្មង ។        សេចក្តីស្នេហាដ៏ស្មោះត្រង់ វា

អាចនាំមកនូវភាពសុខសាន្តបាន        តែបើគ្មានស្នេហាស្មោះត្រង់ ទេ

នោះ មួយហើយមួយទៀតគ្មាន          ស្រាកស្រាន្ត ទីបំផុតលទ្ធផល

គឺបញ្ហាគ្រប់ដង្ហើមចេញចូល ។

៤. ពេលថ្ងៃត្រង់សូរិយាសែនប្រត្យ័ក    មិនឃើញមុខវរលក្ខណ៍ទុកពេកក្រៃ

ពេលរាត្រីដួងព្រះច័ន្ទពេញរស្មី​           មិនបានឆោមថ្លៃនែបនិត្យចិត្តកង្វល់ ។

ទាំងយប់ទាំងថ្ងៃគ្រប់ពេល គ្រប់ដង្ហើម  ចេញចូល ដួងចិត្ត តែងតែរំជើបរំជួល​

ជ្រួលជ្រើមក្នុងកាមារម្មណ៍ផ្សេងៗព្រោះ    តែដួងចិត្តលួចប្រាថ្នា ក្នុងបុប្ផាមួយទង

ហើយប្រាថ្នាចង់ឃើញ ចង់នេបនិត្យតែ     គ្រប់យ៉ាងមិនដូចប្រាថ្នា នេះជារឿងដែល

គួរគិតគួរពិចារណា ។

៥. ក្នុងដួងចិត្តសែនក្តុកក្តាក់ក្តួលណែនក្តឹះ  ដូចភ្លើងពិសឆេះឱរ៉ាផ្សាពេកក្រៃ

មិនឃើញមុខគូសង្សារតែមួយថ្ងៃ        ស្ទើរក្សិណក្ស័យដោយអគ្គីនៃរាគៈ ។

ឃើញទេខ្ញុំថាហើយថាទៀតតែក្តីស្នេហាកើតឡើងហើយ  សូម្បីពុំបានយល់វង់ភ័ក្ត្រតែ

បន្តិចក៏មានបញ្ហាដេរ ។

រាគៈតណ្ហា ពិតជាធ្វើឱ្យមនុស្សអាចស្លាប់បានណា  ប្រយ័ត្នផង ។

៦. ស្នេហ៍សែនត្រជាក់ដូចទឹកអម្រិត    បានផឹកចូលពិតផុតពិសអន្តរាយ

បំបាត់រោគសោកភ័យផងទាំងឡាយ    ឱ្យកាយសុខស្រួលក្នុងកាមភព ។

មិនគួរចាញ់បោកសោះ  នេះគឺជាទស្សនៈអ្នក   មានស្នេហាតែប៉ុណ្ណោះ

តាមពិតអ្នកគ្មាន   ស្នេហាទៅវិញទេ  ទើបឈោ្មះថាសុខស្រួល  ពិតប្រាកដ ចូរចាំទុកផង ។

ស្នេហ៍បាំងវិជ្ជា      ស្នេហ៍បាំងមរណា          ស្នេហ៍បាំងគុណធម៌

ស្នេហ៍បាំងពុកម៉ែ   ស្នេហ៍បាំងមិត្តល្អ           ស្នេហ៍បាំងភាពក្រ

ស្នេហ៍បាំងភាពមាន ។

ស្នេហ៍នាំចូលជ្រោះ   ស្នេហ៍នាំធ្លោយថ្លោះ   ស្នេហ៍នាំឡើងជ្រុញ

ស្នេហ៍នាំទៅច្រេះ  ស្នេហ៍នាំកើតធុញ          ស្នេហ៍នាំទោម្នេញ

ស្នេហ៍នាំល្ងង់ល្ងិត ។

ស្នេហ៍គឺជារោគ     ស្នេហ៍គឺបង់ជោគ           ស្នេហ៍គឺបន្លា

ស្នេហ៍គឺភ័យព្រួយ  ស្នេហ៍គឺមរណា             ស្នេហ៍គឺអន្ធការ

ស្នេហ៍គឺពិសពុល ។

ស្នេហ៍កើតពីកាម   ស្នេហ៍កើតពីនាម           ស្នេហ៍កើតពីរូប

ស្នេហ៍កើតពីរាគ    ស្នេហ៍កើតពីលោភ         ស្នេហ៍កើតពីលោក

ស្នេហ៍កើតពីចិត្ត ។

ថ្ងៃណាកើតទុក្ខរអុកចិត្ត           កើតក្តីវិបរិតក្នុងចិន្តា

សូមកូនវិលវិញរកមាតា           គេហាបើកទ្វារចាំជានិច្ច ។

ម៉ែចាំទទួលកូនពិសី                 ដោយក្តីសោមនស្សអស់ពីចិត្ត

ចាំជួយសន្តោសប្រោសឆោមស្និទ្ធ ព្យាបាលដួងចិត្តដែលដំបៅ ។

ម៉ែចាំផ្លូវកូនរាល់យប់ថ្ងៃ           កូនដឹងទេអ៊ីណាឆោមឆ្លៅ

ម៉ែពុំដែលខឹងនឹងកូនពៅ          ទោះកូនអាស្រូវនៅអភ័យ ។

ក្តីស្រឡាញ់អ្វីក្នុងលោកា          ពុំស្មើក្តីស្រឡាញ់មាតាថ្លៃ

មាតាស្រឡាញ់កូនប្រុសស្រី      ស៊ូក្សិណក្ស័យគ្មានរអា ។

ពេលខ្លះត្រូវលះបង់ការងារ        ស៊ូទ្រាំគ្រាំគ្រាក្នុងចិន្តា

ទន្ទឹងរង់ចាំបុត្រមាតា               យាត្រាត្រឡប់មករកម៉ែ ។

មកឋិតនៅកៀកប្រអប់ទ្រូង       ឋិតក្នុងរង្វង់ហត្ថទាំងទ្វេរ

ម៉ែនឹងថ្នាក់ថ្នមបមបីថែ             ឱ្យកូនមាសស្នេហ៍បានសុខហោង ។

                                ទស្សនៈអប់រំអំពីព្រះគុណម៉ែ

១. រស្មីសូរិយាថ្លាយល់យង់        ត្រចះត្រចង់គ្របប្រឹថពី    រុក្ខជាតិសព្វគ្រប់ទិសទី

សំភីបានរស់ជាប្រក្រតី ។         រស្មីដូងចិត្តនៃអ្នកម្តាយ   ត្រសុំត្រសាយលើបុត្រថ្លៃ

ជីវិតកូនប្រុសនិងកូនស្រី          រស់បានអាស្រ័យដោយហេតុនេះ ។

២. ទ្រូងម៉ែប្រៀបបានស្ថានសួគ៌ា        កក់ក្តៅមហិមាពន់ប្រមាណ         បានគេងកៀកកើយសុខសម្រាន្ត   សាន្តត្រាណដួងចិត្តឥតហ្មងស្មៅ ។

៣. ម៉ែគឺជាព្រះសំរាប់កូន          ព្រះប្រោសជីវិតឱ្យថ្លាថ្លៃ  ប្រោសនែនាំផ្លូវឱ្យរួចភ័យ

សាងសុខសួស្តីតទៅមុខ ។

៤. ម៉ែគឺគ្រូដើមបង្រៀនកូន       ឱ្យចេះក្រាបលូនដើរដេកស្តី   ចេះគិតចេះគួរចេះកែច្នៃ

ចេះលកចេះលៃចេះពិចារណ៌។

៥. ម៉ែគឺព្រះព្រហ្មឧត្តមក្រៃ       សង្រ្គោះបុត្រថ្លៃគ្រប់វេលាមេត្តាស្រឡាញ់កូនពុំងា

ករុណាសន្តោសប្រោសប្រណី ។  មុទិតាទោទន់បើកូនសុខ        ឧបេក្ខាប្រមុខគិតលកលៃ

៦. ព្រៃឈើជម្រកពួកសត្វព្រៃ ជលស័យជម្រកពួកមច្ឆា  ផែនដីជំរកអស់សត្តា

មាតាជំរកកូនប្រុសស្រី  ។

៧. សេចក្តីល្អសូម្បីធ្វើមួយលានផង     ឬអស់មួយជីវិតចំពោះពុក

ម៉ែក៏នៅតែឈោ្មះថាមិនអាចតប         គុណពុកម៉ែបានតែការតប

គុណគឺមិនមែនធ្វើដើម្បីសងទេ           តែក៏គឺជាការសាងសេចក្តីល្អ

ដើម្បីខ្លួនដើម្បីម៉ែនិងដើម្បីជា             គំរូល្អនិងសេចក្តីល្អ

ដល់មនុស្សក្នុងសង្គមប្រទេស            សង្គមពិភពលោក ។

៨. មុននឹងចូលដេកគួររំលឹកដល់ព្រះ    ៥ ព្រះអង្គឱ្យបានជានិច្ចកាល

នោះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ          ព្រះម៉ែ និងព្រះពុកជីវិតនឹង

កើតសិរីសួស្តីគ្រប់ពេលព្រោះព្រះ      ទាំង៥ព្រះអង្គនេះសុទ្ធសឹងជា

ព្រះដែលទ្រទ្រង់នូវគុណប្រមាណមិន   បាន..អាចញុំាងផលអ្នកបូជា

ឱ្យសំរេចបានដោយហោចសូម្បីត្រឹម    តែការបូជាដោយការគិត ។

៩. ទឹកដោះម៉ែ                          គឺជាអាហារចិញ្ចឹមក្រពះកូន

ស្នាមញញឹមរបស់ម៉ែ                  គឺជាអាហារចិញ្ចឹមចក្ខុវិញ្ញាណកូន

សម្លេងរបស់ម៉ែ                        គឺជាអាហារចិញ្ចឹមសោតវិញ្ញាណកូន

គន្ធពិដោរប្រចាំកាយម៉ែ             គឺជាអាហារចិញ្ចឹមឃានវិញ្ញាណកូន

ការថ្នាក់ថ្នមការសម្ផស្ស             ឱបរិត ការបីពរបស់ម៉ែ

គឺជាអាហារចិញ្ចឹមកាយវិញ្ញាណកូន     ហើយទឹកចិត្តព្រហ្មវិហារ

ធម៌ដ៏ល្អឥតខ្ចោះរបស់ម៉ែ        គឺជាអាហារដ៏សំខាន់       សំរាប់ចិញ្ចឹមជីវិតកូនទាំងមូលតែម្តង ។

ទស្សនៈមួយចែងថា       សុជីវធម៌ជាអលង្ការរបស់

មនុស្សជាតិរាល់រូប     ជាស្នេហ៍មុខរបស់នារីទូទៅ

ក្នុងដំណើរការរស់នៅនៃជីវិតរបស់មនុស្សត្រូវមានសេចក្តីថ្លៃថ្នូរមានកិត្តិយស មានគេគោរពស្រឡាញ់ក្នុង

ជីវិតរបស់យើង   ដើម្បីបានរបស់ទាំងអស់នេះមនុស្សត្រូវចេះស្វែងរកវាដោយការប្រព្រឹត្តកាយវាចាចិត្តឱ្យ

បានល្អប្រសើរគួរជាទីរាប់អាននៃអ្នកផងទាំងពួង ។ ជាពិសេសមនុស្សត្រូវមានសុជីវធម៌ជាប្រចាំ ដូចមាន

ទស្សនៈមួយឃ្លាថា  សុជីវធម៌ជាអលង្ការរបស់មនុស្ស  ជាស្នេហ៍មុខរបស់នារីទូទៅ ។

​                              តើទស្សនៈនេះមានអត្ថន័យយ៉ាងដូចម្តេច ?

មុននឹងបកស្រាយបំភ្លឺទស្សនៈរបស់ប្រធាន យើងគប្បីយល់ន័យនៃពាក្យថា សុជីវិធម៌ អលង្ការ ជាមុនសិន ។

សុជីវិធម៌គឺការរស់នៅដោយល្អ ប្រកបដោយសណ្តាប់ធ្លាប់  របៀបរៀបរយ  ការចេះដឹងប្រមាណ​  គួរសមក្នុង

កិច្ចការប្រាស្រ័យជាមួយអ្នកដទៃ ។   អលង្ការគឺសំដៅលើគ្រឿងប្រដាប់តុបតែងខ្លួន   មានខ្សែដៃ    ចិញ្ចៀន

ក្រវិល ខ្សែក នាឡិកា ។ ល ។

ដូចនេះគំនិតរបស់ប្រធានមានន័យថា  ការរស់នៅដោយការប្រព្រឹត្តទង្វើ  ល្អចេះគួរសម ចេះប្រមាណក្នុងកិច្ច

ការប្រស្រ័យជាមួយអ្នកដទៃ   គឺជាគ្រឿងលម្អរបស់មនុស្សសម្រាប់លើកតម្លៃមនុស្សឱ្យមានសោភ័ណ និងជា

មន្តស្នេហ៍ដ៏ពួកែ សម្រាប់នារីថែមទៀតផង ។

សុជីវធម៌ជាអលង្ការរបស់មនុស្សពិតប្រាកដណាស់ហើយ​ៗ  មនុស្សនឹងមានតម្លៃពេញលេញក៏ដោយការ

បរិបូណ៌ដោយសុជីវធម៌នេះឯង ។  ឧបករណ៌សម្រាប់តាក់តែងរូបកាយរបស់មនុស្ស ​  ហើយដែលមនុស្ស

តែងនិយម គឺសម្លៀកបំពាក់  មាសប្រាក់ជាដើម  ជាវត្ថុដែលបានមកដោយការទិញដូរ ។   កាលមនុស្សមាន

ទ្រព្យអាចប្តូរយកគ្រឿងឧបករណ៌នេះបានច្រើនអ្នកនោះឈ្មោះថាជាអ្នកមានគ្រឿងលម្អកាយ  មានភាពសម

សួនច្រើនជាង  ផ្ទុយពីនេះគ្រឿងតាក់តែងកាយដែលជាសម្ភារៈសម្រាប់មនុស្ស ដែលកើតឡើងដោយការទិញ

ដូរនេះមិនប្រសើរវិសេសវិសាលស្មើនឹងអ្នក មានសុជីវធម៌នៅក្នុងខ្លួនទេ  ពីព្រោះថាសម្ភារៈ   អាចយកមកធ្វើ

ជាគ្រឿងអលង្ការតែម្តងម្តាល ហើយត្រូវវិនាសសូន្យទៅវិញផង   មិនមែនជាគ្រឿងសរសើរលើកកម្ពស់នៃជន

ទូទៅទាំងអស់ផង  ជាពិសេសអ្នកមានឧបករណ៌សម្រាប់   តាក់តែងកាយនេះខ្លះរឹងតែគ្មានសមរម្យទៅទៀត

បើតាក់តែងហើយៗ គ្មានសុជីវធម៌ជាមួយផង ។ យ៉ាងនេះបានជាគេពោលថា  សុជីវធម៌ជាអលង្ការដ៏វិសេស

វិសាលរបស់មនុស្សគ្រប់ជាន់ថ្នាក់ទាំងអស់ ។

​ចំពោះសុជីវធម៌ដែលមនុស្សត្រូវប្រព្រឹត្តនោះ    មានដូចជាការចេះលើកដៃសំពះ  ជម្រាបសួរចាស់ព្រឹទ្ធាចារ្យ

ចេះឱនលំទោន មិនធ្វើឫកពើងទ្រូង អាងខ្លួនមានអំណាច មានទ្រព្យសម្បត្តិលើសគេ ។ល។ ត្រូវមានទឹកមុខ

ញញឹមញញែមទៅកាន់ញាតិមិត្ត បងប្អូន លោកគ្រូអ្នកគ្រូអាណាព្យាបាល ឬដៃគូសន្ទនាជាមួយ ។ ប្រសិនបើ

នៅលើក្បាលមានពាក់មួកឬទទួឆ័ត្រត្រូវដោះមួកឬឆ័ត្រចេញ     នៅពេលជួបចាស់ទុំឬនៅពេលចូលវត្តអារាម

ដើម្បីសម្តែងការគោរពដ៏ស្មោះស្ម័គ្រ។ នៅកន្លែងសាធារណៈដែលមានមនុស្សច្រើនគ្នានៅជុំវិញខ្លួន នៅហាង

ម្ហូបអាហារ នៅលើរថយន្ត រថភ្លើងឬយានជំនិះណាមួយ   អ្នកមានសុជីវធម៌តែងនិយាយសំដីណាដែលគេចង់

ស្តាប់ហើយមានប្រយោជន៍   គេតែងលះបង់នូវគ្រឿងអាក្រក់   រឿងស្រីញី   ឬរឿងសម្ងាត់ណាមួយចោលឱ្យ

ស្រលះ ។អ្នកជាកំលោះមុំ គេមិនងាកមុខចោលភ្នែកក្រឡេកមើលក្រមុំកំលោះណាដែលចម្លែកមិនធ្លាប់ស្គាប់

ដោយអឹមអៀន លឹបល ចុងភ្នែក   ចុងច្រមុះនោះទេហើយគេមិនធ្វើកាយច្រងាង  និយាយដោយវាចាលាន់ឮ

ទ្រហឹងអឺងអាប់ទទួលទានស្លាបារីខាកស្តោះ  ព្រួសទឹកមាត់ឱ្យរំខាន  ឱ្យប្រឡាក់ខ្ទាតទៅលើអ្នកជិតខាងនោះ

ដែរ ។ នៅតាមសួនសាធារណៈ ឬក្នុងទីប្រជុំជន គេមិនត្រូវចោលវត្ថុផ្សេងៗ  ឱ្យរាត់រាយពាសពេញលើទីវាល

ឬលើស្មៅ   ដើមផ្កាដែលជាហេតុនាំឱ្យសៅហ្មងដល់សាធារណៈ  ជននោះឡើយ ។  បើនិយាយពីការបើកបរ

យានជំនិះផ្សេងៗ ត្រូវបន្ថយល្បឿនគោរពច្បាប់ចរាចណ៌ បើកបរដោយការយោគយល់គ្នាកុំជែងគ្នានាំឱ្យមាន

គ្រោះថ្នាក់ជាយថាហេតុ ។

ទាក់ទិននឹងបញ្ហាសុជីវធម៌នេះដែរ  អ្នកនិពន្ធក៏បានលាតត្រដាងនៅក្នុងវណ្ណកម្ម   របស់ខ្លួនទៅតាមសិល្ប៍វិធី

ផ្សេងៗគ្នាដែរ ។  ជាឧទាហរណ៌នៅក្នុងរឿងកុលាបប៉ៃលិន  ចៅចិត្រជាមនុស្សដែលមានសុជីវធម៌ក្នុងការរស់

នៅជាមួយគ្រួសារលោកហ្លួងរតនសម្បត្តិ  ចេះដឹងការងារ ស្គាល់ខុសត្រូវ  មានឫកពាសំដីសំដៅសមសួនទៅ

កាន់ចៅហ្វាយ ក៏ដូចជាកម្មករដែល ទង្វើនេះចៅចិត្រត្រូវបានចៅហ្វាយនាយ   ព្រមទាំងក្រុមកម្មករស្រឡាញ់

រាប់អានគ្រប់ៗ គ្នា។ផ្ទុយទៅវិញតួអង្គលោកបាល័ដ្ឋ និងថៅកែផាន់ជាអ្នកមានអំណាចនិងមានទ្រព្យសម្បត្តិ

ស្តុកស្តម្ភ តែជាមនុស្សគ្មានសុជីវធម៌  ប្រព្រឹត្តអំពើថោកទាបលើគ្រួសារលើហ្លួង  ទីបំផុតក៏ត្រូវអាម៉ាស់មុខ

និងទទួលការព្រមានយ៉ាងចាស់ដៃ ។

សរុបមក ដោយហេតុផលខាងលើនេះហើយបានជាគេចាត់ទុកថាសុជីវធម៌ជាគ្រឿងអលង្ការដ៏វិសេសវិសាល

ជាស្នេហ៍មុខនៃមនុស្សជាតិ ។  អ្នកមានសុជីវធម៌   ទោះបីជាខ្លួនក្រខ្សត់​​​    ជាកូននៃត្រកូលអត់ធន់ក៏ដោយក៏

តែងបានការឧបត្ថម្ភគាំពារ ការយកចិត្តទុកដាក់ពីអ្នកផង ធ្វើឱ្យជីវិតមាន កិត្តិយសថ្កើងថ្កានដែរ ។

ឆ្លងតាមការបកស្រាតរួចមកហើយសរបញ្ជាក់ឱ្យឃើញថា   ទស្សនៈ  ដែលលើកឡើងក្នុងប្រធានខាងលើពិត

ជាមានតម្លៃដ៏ល្អវិសេសវិសាល សម្រាប់ឱ្យមនុស្សគ្រប់រូបយកគំរូតាម ។ ក្នុងនាមជាយុវជនសម័យថ្មី  គប្បីកុំ

ភ្លើតភ្លើននឹងវប្បធម៌បរទេសហួសហេតុពេក ត្រូវនាំគ្នាប្រព្រឹត្តកិរិយាមារយាទឱ្យមានសុជីវធម៌​ ដើម្បីលើកតម្លៃ

កិត្យានុភាពខ្លួនឯងក៏ដូចជាសង្គមជាតិផងដែរ​ ។

​       ដកស្រងក្នុងសៀវភៅមួយឈ្មោះថា គន្លឹះរៀនសរសេរ ; (សរសេរ ដោយ ភិក្ខុ វជិរធម្មោ សេងហាក់)

vongklom0001

Leave a comment